ឧទ្ធុមាតកអសុភ
កាលបើព្រះយោគាវចរ
មានប្រាថ្នាដើម្បីនឹងចម្រើនយកនិមិត្តក្នុងឧទ្ធុមាតកអសុភ
គប្បីចូលទៅកាន់សំណាក់កល្យាណមិត្ត ដូចន័យដែលពោលមកក្នុងខាងដើម
រៀនយកនូវវិធីដើរទៅកាន់អសុភនិមិត្ត វិធីកំណត់នូវនិមិត្តជិតខាង
វិធីកាន់យកនូវនិមិត្ត វិធីពិចារណាតាមផ្លូវដែលដើរទៅដើរមក
រហូតដល់អប្បនាវិធីជាទីបំផុត ចេញទៅនៅក្នុងទីសេនាសនៈដ៏សមគួរដល់សមាធិភាវនា
ហើយសឹមស្វែងរកអសុភនិមិត្តនឹងចម្រើន។
ត្រង់ដែលថារៀនយកនូវវិធីដើរទៅកាន់អសុភនិមិត្តនោះដូចម្ដេច?
ត្រូវរៀនឲ្យដឹងថា
មុនដែលនឹងដើរទៅកាន់កន្លែងដែលរូបអសុភតម្កល់នៅ
ត្រូវប្រាប់ដល់លោកដែលជាសង្ឃត្ថេរជាមុន សឹមដើរចេញទៅ មិនត្រូវទៅ ២ ឬ ៣ រូប
ត្រូវធ្វើទុកក្នុងចិត្តនូវមូលកម្មដ្ឋានជានិច្ច ត្រូវកាន់ឈើច្រត់ដើរទៅ
ដើម្បីការពារនូវអន្តរាយមានឆ្កែជាដើម ត្រូវដើរប្រុងស្មារតីសង្រួមឥន្ទ្រីយ៍ទាំង
៦ ត្រូវកំណត់ឲ្យដឹងទិស ដឹងទ្វារ ដឹងផ្លូវដែលខ្លួនចេញដើរទៅ
ត្រូវឲ្យដឹងខាងឆ្វេង ខាងស្ដាំ ទៅទីណមានវត្ថុអ្វី
មិនត្រូវដើរចូលទៅកាន់អសុភអំពីខាងក្រោមខ្យល់។
ត្រង់ដែលថារៀនយកនូវវិធីកំណត់និមិត្តជិតខាងនោះដូចម្ដេច?
ត្រូវរៀនឲ្យដឹងថា ពេលណាចូលទៅដល់រូបអសុភហើយ
មិនត្រូវសម្លឹងមើលរូបអសុភជាដំបូងឡើយ
ត្រូវកំណត់រកទិសដែលសម្លឹងមើលទៅឃើញអសុភប្រាកដ ត្រូវឈរនៅក្នុងជាទីចន្លោះ
មិនជាខាងក្រោមខ្យល់ ខាងលើខ្យល់ មិនឆ្វាយពេកជិតពេក មិនបែរខាងក្បាលពេក
បែរខាងចុងជើងពេក ត្រូវកំណត់ទីជុំវិញដឹងថាខាងណាមានវត្ថុអ្វី ថ្ម
ឬដំបូកជាដើម ធំ ឬ តូច ខ្ពស់ ឬ ទាប
ជាមុនត្រូវធ្វើទុកក្នុងចិត្តនូវវត្ថុជិតខាងផ្អែបជាមួយនឹងតួអសុភ ថា
"នេះថ្ម នេះអសុភ" ជាដើម។
ត្រង់ដែលថា រៀនយកនូវវិធីកាន់យកនុវនិមិត្តនោះដូចម្ដេច?
ត្រូវរៀនឲ្យដឹងនូវវិធីកាន់យកនូវនិមិត្តដោយអាការ ១១ យ៉ាងគឺ
១- វណ្ណតោ កំណត់ឲ្យដឹងថា នេះជាសរីរៈរបស់មនុស្ស សម្បុរស ឬខ្មៅ
ជាដើម។
២- លិង្គតោ កំណត់ឲ្យដឹងថា
នេះជាសរីរៈរបស់មនុស្សស្ថិតនៅក្នុងបឋមវ័យ មជ្ឍិមវ័យ ឬ បច្ឆិមវ័យ។
៣- សណ្ឋានតោ កំណត់ឲ្យដឹងថា នេះជាសណ្ឋានក្បាល ឬ សណ្ឋានកជាដើម
៤- ទិសតោ ក្នុងសរីរៈនេះតាំងអំពីផ្ចិតចុះទៅ
ចាត់ជាទិសខាងក្រោម អំពីផ្ចិតឡើងលើចាត់ជាទិសខាងលើ
ត្រូវកំណត់ឲ្យដឹងថា នេះជាទិសខាងក្រោម នេះជាទិសខាងលើ ឬកំណត់ឲ្យដឹងថា
អញឈរនៅក្នុងទិសនេះ អសុភនៅក្នុងទិសនេះ។
៥- ឱកាសតោ កំណត់ឲ្យដឹងថា ដៃនៅក្នុងឱកាសនេះ
ជើងនៅក្នុងឱកាសនេះ ជាដើម ឬកំណត់ឲ្យដឹងថា អញឈរនៅក្នុងឱកាសនេះ
អសុភនៅក្នុងឱកាសនេះ។
៦- បរិច្ឆេទតោ កំណត់ឲ្យដឹងថា សរីរៈខាងក្រោម ត្រឹមបាទជើង
ខាងលើត្រឹមចុងសក់ ជុំវិញត្រឹមស្បែកក្នុងចន្លោះនេះ ពេញដោយសាកអសុភ ៣២ ប្រការ
ឬកំណត់ឲ្យដឹងថា ដៃត្រឹមនេះ ជើងត្រឹមនេះ ជាដើម។
៧- សន្ធតោ កំណត់ឲ្យដឹងទីតនៃសរីរៈទាំង ១៨០
៨- វិវរតោ កំណត់ឲ្យដឹងទីចន្លោះរបស់អសុភមានចន្លោះដៃ ចន្លោះជើង
ចន្លោះពោះជាដើម។
៩- និន្នតោ កំណត់ឲ្យដឹងទីទំនាបក្នុងសរីរៈរបស់អសុភ
មានរណ្ដៅភ្នែក និងក្នុងមាត់ជាដើម ឬកំណត់ឲ្យដឹងថា អញឈរនៅក្នុងទីទំនាប
ឯអសុភស្ថិតនៅក្នុងទីទួល។
១០- ឧន្មតតោ កំណត់ឲ្យដឹងទីខ្ពស់ក្នុងសរីរៈរបស់អសុភ មានជង្គង់
និងទ្រូងជាដើម ឬកំណត់ឲ្យដឹងថា អញឈរនៅក្នុងទីខ្ពស់
ឯអសុភស្ថិតនៅក្នុងទីទំនាប។
១១- សមត្តតោ ត្រូវបញ្ជូនញាណឲ្យប្រព្រឹត្តទៅសព្វក្នុងសរីរៈ
អសុភទាំងមូល បើត្រង់ណាតាំងឡើងប្រាកដ សឹមកំណត់ធ្វើទុកក្នុងចិត្តត្រង់ណោះ។