រឿងកុទ្ទាលកបណ្ឌិត
(ចាក កុ. ខុ.)
(ការជាប់ជំពាក់ចិត្តចំពោះអ្វីមួយ
ត្រូវបិទផ្លូវកាយ និងវាចាជាមុនទើបលះបង់បាន)
កាលពីព្រេងនាយ ព្រះបាទព្រហ្មទត្តសោយរាជ្យក្នុងក្រុងពារាណសី។
ពេលនោះ មានមនុស្សម្នាក់ឈ្មោះកុទ្ទាលកបណ្ឌិត
មានចិត្តធុញទ្រាន់ក្នុងការគ្រប់គ្រងផ្ទះ បានចេញទៅបួសជាតាបស
នៅក្នុងព្រៃហេមពាន្តអស់ ៨ ខែ ដល់រដូវភ្លៀងសើមដី
ក៏នឹកភ្នកដល់គ្រាប់ស្ដៅកន្លះនាឡិ និងចបកាប់កញ្ចាស់មួយនៅឯផ្ទះ
ហើយសឹកចេញទៅដាំគ្រាប់ស្ដៅនោះ សំចៃទុកធ្វើពូជមួយនាឡិ
សល់ពីនោះទុកបរិភោគ។
លុះធ្វើរបរនេះរួចហើយ គិតថានៅផ្ទះគ្មានប្រយោជន៍
បានរៀបចំទុកគ្រាប់ពូជ និងចបកាប់កញ្ចាស់ស្រួលបួលហើយ
ក៏ចេញទៅបួសជាតាបសបាន ៨ ខែទៀត ដល់រដូវភ្លៀងសើមដី
នឹកឃើញដល់គ្រាប់ស្ដៅ និងចបកាប់កញ្ចាស់នោះទៀត
បានសឹកមកប្រកបមុខរបរនោះដូចមុន។គ្រាន់តែសឹកបួសៗ បែបនេះអស់ ៦ ដង។
កុទ្ទាលកបណ្ឌិត គិតថាឥឡូវដល់រដូវភ្លៀងសើមដីទៀតហើយ
បើអញសឹកម្ដងទៀតជាលើកទី ៧ ហើយព្រោះតែគ្រាប់ស្ដៅ និងចបកញ្ចាស់មួយ
យីអើ! អា! ចបកញ្ចាស់ និងគ្រាប់ស្ដៅនេះ ដឹកនាំអញឲ្យវឹកវរណាស់តើ? ចេះតែមកល្បួងឲ្យឯងសឹកទៅនៅជាមួយវា
ដូច្នេះអញត្រូវយកវាទៅប្រោសចោលឲ្យស្រឡះទើបបាន គិតហើយក៏ទៅយក កញ្ចប់
គ្រាប់ស្ដៅ ចងភ្ជាប់នឹងក្បាលចប លីដើរទៅមាត់ស្ទឹងគង្គា
ដល់ហើយឈរធ្មេចភ្នែក គ្រវីចបលើក្បាលបីជុំ គ្រវាត់ចោលប្រូងទៅក្នុងទឹក
ហើយស្រែកថាឈ្នះហើយ ៗ បីដង។
គ្រានោះព្រះចៅក្រុងពារាណសី
ទើបនឹងត្រឡប់ពីបង្ក្រាបសត្រូវក្នុងបច្ចន្តជនបទ មកឈប់សម្រាកព្រះកាយពល
ត្រង់ឆ្នេរស្ទឹងគង្គាជិតទីដែលកុទ្ទាលកបណ្ឌិតទៅចោលចបកញ្ចាស់នោះដែរ
ទ្រង់ព្រះសណ្ដាប់ឮសម្លេងឈ្នះហើយ ៗ នោះបានទតទៅត្រង់ទិសដែលមានសម្លេង
បានឃើញតាបសកំពុងឈរ ក៏យាងទៅជិតសួរថា
លោកម្ចាស់យើងបានបង្ក្រាបសត្រូវឈ្នះអស់ហើយ ទើបមកសម្រាកទីនេះ
តើលោកស្រែកថាឈ្នះហើយ ៗ នោះឈ្នះនូវអ្វី?
កុទ្ទាលកតាបសទូលថា បពិត្រមហារាជ ! ព្រះអង្គឈ្នះពួកចោរខាងក្រៅ
ជម្នះរបស់ព្រះអង្គនេះ គេអាចយកឈ្នះវិញបាន។ ឯចោរគឺលោភតណ្ហា
ដែលអាត្មាបានឈ្នះហើយនេះ វាមិនអាចយកឈ្នះអាត្មាវិញបានឡើយ
ជាជម្មះអាចសម្រេចប្រយោជន៍បាន លោកសូត្រភាសិតថ្វាយថាៈ
នតំ ជិតំ សាធុ ជិតំ យំ ជិតំ អវជិយតិ ពំ ខោ ជិតំ សាធុ ជិតំ
យំ ជិតំ នាវជិយតិ។
ប្រែថា ជម្នះឯណាដែលគេត្រឡប់ឈ្នះវិញបាន
ជម្នះនោះមិនសម្រេចប្រយោជន៍ឡើយ ជម្នះឯណាដែលគេមិនអាចយកឈ្នះវិញបាន
ជម្នះនោះឯងទើបសម្រេចប្រយោជន៍បាន លុះសូត្រភាសិតនេះចប់ហើយ
តាបសសម្លឹងខ្សែទឹកក្នុងស្ទឹងគង្គា ក៏បានសម្រេចអាបោកសិណ
ហើយអង្គុយពែនព្វដ៏អាកាស ដូចជាដុំពពក។
ព្រះចៅក្រុងពារាណសី និងពលសេនា មានព្រះទ័យមានចិត្តជ្រះថ្លា
ព្រឺរោម ព្រឺស្បែក បានក្រាបថ្វាយបង្គំសូមបព្វជ្ជា
ជាតាបសទាំងអស់គ្នាក្នុងពេលនោះ។ តមកស្ដេចបទេសរាជទាំង ៧
អង្គដែលចង់ដណ្ដើមរាជ្យ កាលបើដឹងថា ព្រះចៅក្រុងពារាណសី
និងពលសេនាបានបួសហើយ ក៏មានព្រះទ័យជ្រះថ្លា នាំពលសេនាទៅបួសដែរ។
ចំណែកកុទ្ទាលកតាបស ខំប្រព្រឹត្តព្រហ្មចរិយធម៌ដរាបសល់អស់អាយុ
បានទៅកើតព្រហ្មលោក។ ឯកុទ្ទាលកតាបសនោះ គឺតួអង្គព្រះសម្ពុទ្ធនេះឯង។
ថ្ងៃមួយព្រះសម្ពុទ្ធគង់នៅវត្តជេតពន
មានព្រះថេរៈមួយអង្គឈ្មោះចិត្តហតត្ថេរ ចេះតែបួសសឹក ៗ អស់វីរៈ ៦ ដង
ដល់បួសលើកទី ៧ ទើបបានសម្រេចព្រះអរហត្តផល។ ភិក្ខុទាំងឡាយនាំគ្នានិយាយថា
កិលេសមានទម្ងន់ណាស់សម្បីអ្នកមាននិស្ស័យជាព្រះអរហន្ត ដូចចិត្តហតត្ថេរនេះហើយ
ទម្រាំតែលះបង់បាន ត្រូវបួសសឹកៗ អស់ ៧ ដង។
ពេលនោះ ព្រះសាស្ដាត្រាស់សម្ដែងចំពោះភិក្ខុទាំងឡាយថា
កិលេសនោះមានទង្ងន់ណាស់ បើមានរូប គ្មានកន្លែងទុកដាក់ឡើយ
សូម្បីចក្កវាឡនិងព្រហ្មលោកក៏ចង្អៀតដែរ កថាគតជាបុរសអាជានេយ្យ
ក៏ធ្លាប់កិលេសដឹកនាំឲ្យបួស សឹក ៗ អស់ ៧ ដងដែរ
ទើបព្រះអង្គនាំអតីតនិទានកុទ្ទាលកបណ្ឌិតមកសម្ដែងដូចខាងលើនេះឯង។